柬埔寨国防部发言人驳斥泰方关于奥斯马口岸挑衅行为的指控
| 分类 | 国防/外交 |
|---|---|
| 事件时间 | 2026年4月2日 |
| 事件地点 | 奥斯马口岸 |
| 发布时间 | 2026-04-02 23:29 |
新闻摘要
柬埔寨国防部发言人马利·苏嘉塔驳斥了泰国陆军关于柬方在奥斯马口岸进行挑衅及部署装甲车的指控,强调柬军严格遵守纪律,致力于维护边境和平与主权。
📄 完整原文 ▶ 查看原文 →
អ្នកពាក្យក្រសួងការពារជាតិ បដិសេធព័ត៌មានយោធាថៃ អះអាងសកម្មភាពញុះញង់នៅច្រកអូរស្មាច់ (ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បដិសេធព័ត៌មានដែលបានផ្សព្វផ្សាយដោយផេកហ្វេសប៊ុកផ្លូវការរបស់ Royal Thai Army ពាក់ព័ន្ធនឹងសកម្មភាពនៅតំបន់ច្រកអូរស្មាច់។ តាមសេចក្តីប្រកាស បានឲ្យដឹងថា ភាគីថៃបានផ្សព្វផ្សាយព័ត៌មានអំពីការពង្រឹងរបងលួសបន្លា និងដាក់ពង្រាយរថពាសដែកនៅតំបន់ច្រកអូរស្មាច់ ក្នុងទឹកដីកម្ពុជា ដែលយោធាថៃកំពុងកាន់កាប់ដោយខុសច្បាប់ ហើយអះអាងថាមានសកម្មភាពញុះញង់ពីភាគីកម្ពុជា។ ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា ការលើកឡើងនេះ «មិនមែនជាការពិត និងគ្មានមូលដ្ឋាន» ហើយថា កងកម្លាំងកម្ពុជា តែងអនុវត្តភារកិច្ចដោយគោរពវិន័យយោធា បទបញ្ជាថ្នាក់ដឹកនាំ និងគោលការណ៍វិជ្ជាជីវៈយ៉ាងតឹងរឹង។ សេចក្តីប្រកាសបន្តថា កងកម្លាំងកម្ពុជា បានប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ ការទទួលខុសត្រូវ និងការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីជាតិ ព្រមទាំងរក្សាបរិយាកាសសន្តិភាព ស្ថិរភាព និងជៀសវាងភាពតានតឹងនៅតាមតំបន់ព្រំដែន។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទើបបានចុះសង្កេតការណ៍ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ទោះជាយ៉ាងណា នៅព្រឹកថ្ងៃទី២ ខែមេសា វេលាម៉ោង ៦:២០នាទី កងកម្លាំងយោធាថៃបានចល័តរថពាសដែកចំនួន ២គ្រឿង និងកម្លាំងប្រមាណ ៧០នាក់ ចូលមកទីតាំងខាងលើ ហើយបានរាយលួសបន្លាបន្ថែម ដោយមិនមានការជូនដំណឹងជាមុនដល់ក្រុមទំនាក់ទំនងយោធភូមិភាគទី៤កម្ពុជា។ បន្ទាប់ពីហេតុការណ៍នេះ ក្រុមទំនាក់ទំនងរបស់កម្ពុជា បានទាក់ទងទៅកាន់កងទ័ពភូមិភាគទី២ថៃ ដើម្បីស្នើឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់ និងអំពាវនាវឲ្យគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា។ សេចក្តីប្រកាសក៏បានបញ្ជាក់ផងដែរថា ចាប់តាំងពីការអនុវត្តបទឈប់បាញ់ កម្ពុជា តែងគោរពយ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗ។ ក្នុងន័យនេះ ក្រសួងការពារជាតិអំពាវនាវឲ្យភាគីថៃ គោរពកិច្ចព្រមព្រៀងដោយសុច្ឆន្ទៈ ភាពថ្លៃថ្នូរ និងភាពស្មោះត្រង់ ដើម្បីស្តារឡើងវិញនូវប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងតាមបណ្តោយព្រំដែន។