国家警察总署署长慰问第五军区边防部队
分类社会
事件时间柬埔寨新年期间
地点菩萨省
来源CN123
发布时间2026/03/30 13:15
详情描述
国家警察总署署长苏泰(Sar Thet)前往菩萨省慰问边防部队,鼓励其坚守岗位,并向部队捐赠物资与资金以示关怀。
📋 完整原文 ▸
អគ្គស្នងការនគរបាលជាតិអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងការពារព្រំដែន ទិសភូមិភាគទី៥ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ខេត្តពោធិ៍សាត់ៈ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខផ្ទាល់ដល់កងកម្លាំងនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី៥ ដើម្បីលើកទឹកចិត្តដល់ស្មារតីលះបង់របស់កងកម្លាំងដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី។
ក្នុងពិធីសំណេះសំណាលនេះ ក៏មានការចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋានកណ្តាលព្រំដែន ដែលបានអានរបាយការណ៍ស្វាគមន៍ និងជម្រាបជូនអំពីស្ថានភាពទូទៅនៃកិច្ចប្រតិបត្តិការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន។ ក្រៅពីនេះ ក៏មានការអមដំណើរដោយឯកឧត្តម ឧត្តមសេនីយ៍ ប្រតិភូជាន់ខ្ពស់ លោកឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ដើម្បីជាការតបស្នងនូវគុណូបការៈ និងការនឿយហត់របស់កងកម្លាំង ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ បាននាំយកនូវអំណោយជាថវិកា និងសម្ភារៈឧបត្ថម្ភដ៏ថ្លៃថ្លា ចែកជូនដល់អង្គភាពនានា រួមមានវរៈសេនាតូចនគរបាលការពារព្រំដែនចំនួន ២វរៈ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត វរៈសេនាតូចការពារព្រំដែនចំនួន ៣ ផ្សេងទៀត។ អំណោយដែលបានប្រគល់ជូនរួមមាន៖ ថវិកាលើកទឹកចិត្ត សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងឧបភោគបរិភោគចាំបាច់ជាច្រើនមុខ ដើម្បីសម្រួលដល់ការរស់នៅ និងការរៀបចំពិធីអបអរសាទរឆ្នាំថ្មីនៅក្នុងអង្គភាព។
មានប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះវីរភាព និងការលះបង់ខ្ពស់របស់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំការពារសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពនៅតាមព្រំដែនយ៉ាងរឹងមាំ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ។
ឯកឧត្តមបានបញ្ជាក់ថា ការចុះសួរសុខទុក្ខនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់មន្ត្រីក្រោមឱវាទ ជាពិសេសនៅកន្លែងដាច់ស្រយាល។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានជូនពរដល់កងកម្លាំងទាំងអស់ ឱ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីជាសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ។ ពិធីនេះបានបញ្ចប់ទៅក្រោមបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយភាពកក់ក្តៅបំផុត រវាងថ្នាក់ដឹកនាំ និងកងកម្លាំងជួរមុខ៕
ព័ត៌មានរហ័សថ្មីៗ HOTNEWS
ទទួលព័ត៌មានពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន
https://t.me/cambodianews12
https://t.me/Cambodainew123
https://www.facebook.com/share/19G4XsyY5o/
ទំនាក់ទំនងផ្សេងៗ 0717095001
@NGINSOKHUN