柬埔寨农林渔业部官员慰问国公省驻军
分类政务新闻
事件时间2026年4月6日
地点国公省
来源柬埔寨农林渔业部
发布时间2026/04/07 10:09
详情描述
农林渔业部国务秘书欧金西亚代表部长,前往国公省慰问第337步兵营官兵,并转达了部长的关怀与慰问品。
📋 完整原文 ▸
ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហាន នៃវរសេនាតូចលេខ៣ នៅខេត្តកោះកុង
====================
នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៃកងវរសេនាតូចលេខ៣ (៣៣៧) នៅខេត្តកោះកុង។
សមាសភាពគណៈប្រតិភូអមដំណើរ រួមមាន ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការ ឯកឧត្តម គង់ វ៉ាញ អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ថ្នាក់ដឹកនាំមកពីបណ្តាអង្គភាពក្រោមឱវាទក្រសួង លោកស្រីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកោះកុង និងលោក ឈាង សុវណ្ណដា អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជូនដល់បងប្អូនកងទ័ពទាំងអស់ ដែលបាននិងកំពុងលះបង់កម្លាំងកាយចិត្ត ឈរជើងការពារបូរណភាពទឹកដីយ៉ាងរឹងមាំ។ ជាមួយគ្នានេះ ឯកឧត្តមបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រួមមាន៖ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ។
ជាការឆ្លើយតប លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការកងវរសេនាតូចលេខ៣ (៣៣៧) បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងប្រតិភូក្រសួងកសិកម្មទាំងអស់ ដែលជានិច្ចកាលតែងតែគិតគូរដល់សុខទុក្ខ និងផ្ដល់ការគាំទ្រដល់កងទ័ពជួរមុខ។ លោកមេបញ្ជាការ ក៏បានឆ្លៀតឱកាសនេះ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យភាពជាតិ និងថែរក្សាសន្តិភាពឱ្យបានជានិរន្តរ៍៕
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ [Website](https://www.maff.gov.kh/) | [Facebook](https://web.facebook.com/maff.gov.kh/) | [Youtube](https://www.youtube.com/@-maff2) | [Telegram](https://t.me/maff_gov_kh)