仙女机构考古队在吴哥窟古皇宫遗址进行挖掘研究
| 分类 | 文化/考古 |
| 事件时间 | 2026年3月20日 |
| 事件地点 | 吴哥窟 |
| 发布时间 | 2026-03-23 11:03 |
新闻摘要
仙女机构考古队已进行为期一个月的挖掘,旨在研究古皇宫周边的水渠和排水系统,以便将积水排入护城河。
ក្រុមការងារបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវនៅខាងក្រៅកំពែងអតីតព្រះបរមរាជវាំងនៃក្រុងអង្គរធំ អស់រយៈពេល១ខែមកហើយ។ ការធ្វើកំណាយស្រាវជ្រាវនេះ ក្នុងគោលបំណងសិក្សាទីតាំង ដែលមានស្លាកស្នាមជាកសិន្ធុទឹក និងប្រព័ន្ធបង្ហូរទឹកសម័យបុរាណដើម្បីរំដោះទឹកចេញពីក្នុងបរិវេណព្រះបរមរាជវាំង ហូរចូលក្នុងកសិន្ធុ។ យោងតាមហ្វេសប៊ុកផេកអាជ្ញាធរជាតិអប្សរាដែលផ្សព្វផ្សាយកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។
លោក ស្រ៊ុន តិច បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា លទ្ធផលជាបឋម នៃការធ្វើកំណាយចំនួន៤ទីតាំង ដើម្បីសិក្សាពីរចនាសម្ពន្ធកសិន្ធុទឹកនៅខាងក្រៅកំពែងជុំវិញព្រះបរមរាជវាំង គឺមានកំណកដីចាក់បង្គររហូតដល់ជម្រៅ៣ម៉ែត្រ ហើយរចនាសម្ពន្ធកសិន្ធុមានកាំសាងពីថ្មបាយក្រៀមមានចំនួនពី៩ រហូតដល់១១កាំ និងរកឃើញប្រព័ន្ធបង្ហូរទឹកបុរាណចំនួន៣ទីតាំងស្ថិតនៅតាមជើងកំពែង ដែលប្រព័ន្ធបង្ហូរទឹកនេះមានតួនាទីរំដោះទឹកចេញពីបរិវេណព្រះបរមរាជវាំងហូរចូលកសិន្ធុនាសម័យបុរាណ និងរកឃើញស្លាកស្នាមស្រះបុរាណមួយនៅទិសខាងជើងព្រះបរមរាជវាំង ផ្នែកខាងក្រៅកំពែង មានកាំធ្វើពីថ្មបាយក្រៀមចំនួន១៥កាំទៀតផង។ ចំណែក ទិសខាងលិចនៃស្រះមានចម្លាក់យ៉ាងប្រណិត។
បុរាណវិទូរូបនេះ បញ្ជាក់ថា ប្រព័ន្ធបង្ហូរទឹក និងកសិន្ធុទឹកនៅជុំវិញកំពែងអតីតព្រះបរមរាជវាំងក្រុងអង្គរធំ ត្រូវកប់បាត់ដោយកំណកដី និងដើមឈើ ដោយកត្តាពេលវេលា មនុស្ស និងការប្រែប្រួលអាកាសធាតុ។ ការធ្វើកំណាយស្រាវជ្រាវនេះ ក៏នឹងផ្តល់លទ្ធភាពដល់អាជ្ញាធរជាតិអប្សរា រៀបចំប្រព័ន្ធរំដោះទឹកបុរាណឱ្យមានតួនាទីដើមឡើងវិញ ដើម្បីរំដោះទឹកចេញពីខាងក្នុងបរិវេណអតីតព្រះបរមរាជវាំង ដែលជារៀងរាល់ឆ្នាំនៅរដូវវស្សាមានទឹកដក់ជាប្រចាំ ដែលបណ្តាលមកពីប្រព័ន្ធបង្ហូរទឹកទាំងនោះ ត្រូវបានខូចខាតធ្ងន់ធ្ងរ អស់រយៈពេលរាប់រយឆ្នាំមកហើយ៕